កុសលចិត្តកថា
[៤២៧] ព្រះអរហន្ត មានកុសលចិត្ត ហើយបរិនិព្វានឬ។ អើ។ ព្រះអរហន្ត តាក់តែងបុញ្ញាភិសង្ខារ តាក់តែងអានេញ្ជាភិសង្ខារ ធ្វើកម្មប្រព្រឹត្តទៅដើម្បីគតិ ធ្វើកម្មប្រព្រឹត្តទៅដើម្បីភព ធ្វើកម្មប្រព្រឹត្តទៅដើម្បីភាពជាធំ ធ្វើកម្មប្រព្រឹត្តទៅដើម្បីភាពជាអធិបតី ធ្វើកម្មប្រព្រឹត្តទៅដើម្បីមានភោគៈច្រើន ធ្វើកម្មប្រព្រឹត្តទៅដើម្បីមានបរិវារច្រើន ធ្វើកម្មប្រព្រឹត្តទៅដើម្បីលំអដ៏លើសក្នុងទេវលោក ធ្វើកម្មប្រព្រឹត្តទៅដើម្បីលំអដ៏លើសក្នុងមនុស្សលោក ទើបបរិនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤២៨] ព្រះអរហន្ត មានកុសលចិត្ត ហើយបរិនិព្វានឬ។ អើ។ ព្រះអរហន្ត កាលសន្សំ កាលមិនសន្សំ កាលលះបង់ កាលប្រកាន់ កាលកកាយចេញ កាលកៀរគរ កាលកំចាត់ចេញ។បេ។ កាលប្រមូលមក ទើបបរិនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ លុះមិនសន្សំហើយ ឋិតនៅឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ លុះមិនសន្សំហើយ ឋិតនៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត មានកុសលចិត្ត ហើយបរិនិព្វានទេ។