[៤៨៥] រូបាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ កាលច្យុត និងពួកអរូបព្រហ្ម កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតឡើងក្នុងបច្ឆិមភព ក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ និងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។