[៥១៧] ឃានាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ មិនកើតឡើងហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព មិនកើតឡើងហើយផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។