តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង កាយសង្ខារ រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
 [៣៦៣] កាយសង្ខារ របស់​សត្វ​ណា រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង កាយសង្ខារ រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
 [៣៦៤] វចីសង្ខារ របស់​សត្វ​ណា រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ រលត់​ទៅ​ផង ចិត្តសង្ខារ នឹង​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​វិតក្កៈ និង​វិចារៈ។
ថយ | ទំព័រទី ២១៨ | បន្ទាប់