បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់ភវរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។