ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។
