អ្នកឯងត្រឡប់ជាចូលចិត្តថា ឲ្យប្រកបដោយកិលេសជាគ្រឿងប្រកបវិញ ត្រង់ធម៌ដែលតថាគតសំដែងហើយ ដើម្បីមិនឲ្យប្រកាន់មាំ អ្នកឯងត្រឡប់ទៅជាចូលចិត្តថាឲ្យប្រកាន់មាំវិញ នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ ដើម្បីឲ្យប្រាសចាករាគៈ ធម៌ដែលតថាគតសំដែងហើយ ដើម្បីញាំញីនូវសេចក្តីស្រវឹង ដើម្បីកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាម ដើម្បីដកចេញនូវសេចក្តីអាល័យក្នុងកាម ដើម្បីផ្តាច់បង់នូវវដ្តៈ ដើម្បីអស់ទៅនៃតណ្ហា ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីព្រះនិព្វាន មិនមែនឬ នែមោឃបុរស កិរិយាលះបង់នូវកាមទាំងឡាយ តថាគតបានសំដែងហើយ ការកំណត់ដឹងនូវសេចក្តីសំគាល់ក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាដកចេញនូវសេចក្តីត្រិះរិះក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាចូលទៅរម្ងាប់នូវសេចក្តីក្តៅក្រហាយក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយដោយអនេកបរិយាយ មិនមែនឬ ម្នាលមោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់អាសិរពិស ជាសត្វមានពិសក្លៀវក្លា ប្រសើរជាងអ្នកឯងដាក់អង្គជាតទៅក្នុងអង្គជាត