[​២៣១​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ពួក​ភិក្ខុ​ដែល​នៅ​ទៀប​ឆ្នេរ​ស្ទឹង​វគ្គុ​មុ​ទា​ ​ដោយ​អនេកបរិយាយ​ ​ហើយ​ទ្រង់​សំដែង​នូវ​ទោស​នៃ​ការដែល​គេ​ពិបាក​ចិញ្ចឹម​ ​ពិបាក​ថែទាំ​។​បេ​។​ ​ទើប​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មិនដឹង​ចំពោះ​ ​ហើយ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ ​ជា​ធម៌​គួរ​ឃើញ​ដោយ​ញាណ​ដ៏​ប្រសើរ​ ​បង្អោន​មក​ដាក់​ក្នុង​ខ្លួន​ថា​ ​ខ្ញុំ​ដឹង​ដូច្នេះ​ ​ខ្ញុំ​ឃើញ​ដូច្នេះ​ ​លុះដល់​សម័យ​ដទៃពី​នោះ​មក​ ​ទោះ​មាន​គេ​សាកសួរ​ក្តី​ ​ឥតមាន​គេ​សាកសួរ​ក្តី​ ​ក៏​ហៅថា​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​(​ទោះបី​)​ ​មានប្រាថ្នា​ចង់​ឲ្យ​បរិសុទ្ធ​ ​ហើយ​ត្រឡប់ជា​និយាយ​កែសំនួន​យ៉ាងនេះ​វិញ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​មិនដឹង​យ៉ាងនេះ​ទេ​ ​(​ប៉ុន្តែ​)​ ​ពោល​ថា​ ​ដឹង​ ​ខ្ញុំ​មិនឃើញ​យ៉ាងនេះ​ទេ​ ​(​ប៉ុន្តែ​)​ ​ពោល​ថា​ ​ឃើញ​ ​ខ្ញុំ​ពោល​កុហក​សោះ​ទេ​ ​ភិក្ខុ​នេះឯង​ក៏​នៅជា​ត្រូវអាបត្តិ​បារាជិក​ ​រក​សំវាស​គ្មាន​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្តដល់​ពួក​ភិក្ខុ​រួចជាស្រេច​យ៉ាងនេះ​។​ ​
 [​២៣២​]​ ​វេលា​នោះ​ឯង​ ​មាន​ភិក្ខុ​ច្រើន​រូប​មាន​សេចក្តី​សំគាល់​ថា​ឃើញ​ ​ក្នុង​ហេតុ​ដែល​ខ្លួន​មិនឃើញ​ ​សំគាល់​ថា​ដល់​ ​ក្នុង​ហេតុ​ដែល​ខ្លួន​ឥត​បាន​ដល់​ ​សំគាល់​ថា​ត្រាស់​ដឹង​ ​ក្នុង​ហេតុ​ដែល​ខ្លួន​ឥត​បាន​ត្រាស់​ដឹង​ ​សំគាល់​ថា​ធ្វើឲ្យ​ច្បាស់លាស់​ ​ក្នុង​ហេតុ​ដែល​ខ្លួន​ឥត​បាន​ធ្វើឲ្យ​ច្បាស់លាស់​ ​ហើយ​បាន​ពោល​អួត​អរហត្តផល​ដោយ​សំគាល់​ថា​ខ្លួន​បាន​ត្រាស់​ដឹង​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់