[​២៤៥​]​ ​ឧបជ្ឈាយ៍​ ​គប្បី​វាស់​ស្រមោល​ ​គប្បី​ប្រាប់​ប្រមាណ​នៃ​រដូវ​ ​គប្បី​ប្រាប់​ចំណែក​ថ្ងៃ​ ​គប្បី​ប្រាប់​សង្គីតិ​ ​គប្បី​ប្រាប់​ពួក​ភិក្ខុនី​ថា​ ​នាង​ទាំងឡាយ​ ​ចូរ​ប្រាប់​និស្ស័យ៣យ៉ាង​ផង​ ​ប្រាប់​អ​ករណី​កិច្ច៨យ៉ាង​ផង​ ​ដល់​ភិក្ខុនី​ថ្មីនេះ​។​
 [​២៤៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​រវល់​រៀបចំ​អាសនៈ​(​១​)​ ​ក្នុង​រោង​ភត្ត​ ​ធ្វើ​ភត្តកាល​ឲ្យ​កន្លង​ហួស​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​លំដាប់​ទី​ចាស់​ខ្ចី​ ​ដល់​ភិក្ខុនី​ទាំងឡាយ៨រូប​ ​និង​ទីសម​គួរ​តាមដំណើរ​មុនក្រោយ​ ​ដល់​ភិក្ខុនី​ទាំងឡាយ​ក្រៅពីនោះ​។​
 [​២៤៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​លំដាប់​ទី​ចាស់​ខ្ចី​ ​ដល់​ភិក្ខុនី៨រូប​ ​និង​ទីសម​-​គួរ​តាមដំណើរ​មុនក្រោយ​ ​ដល់​ភិក្ខុនី​ទាំងឡាយ​ក្រៅពីនោះ​ ​ដូច្នេះហើយ​ ​ក៏​ឃាត់​លំដាប់​ទី​ចាស់​ខ្ចី​ចំពោះ​ភិក្ខុនី៨រូប​ ​ឃាត់​នូវ​ទី​ដ៏​សមគួរ​តាមដំណើរ​មុនក្រោយ​ ​ចំពោះ​ភិក្ខុនី​ទាំងឡាយ​ក្រៅពីនោះ​គ្រប់កន្លែង​។​ ​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ប្រាប់​សេចក្តី​ថា​ ​រវល់​រៀបចំ​អាសនៈ​ ​ត្រូវ​ប្រាប់​ឲ្យ​ភិក្ខុនី​ដទៃ​ក្រោក​ចេញ​ ​ហើយ​ឲ្យ​ភិក្ខុនី​ឯទៀត​អង្គុយ​ ​ត្រង់កន្លែង​នោះ​យ៉ាងនេះ​ ​ទាល់តែ​ហួសពេល​ឆាន់​។​ ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់