ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវឲ្យ​គេ​ដំ​ត្រគាក​ដោយ​ឈើ​មាន​សណ្ឋាន​ដូច​ឆ្អឹងស្មង​គោ​ ​មិន​ត្រូវឲ្យ​គេ​ដំ​ត្រគាក​ ​មិន​ត្រូវឲ្យ​គេ​ដំ​ដៃ​ ​មិន​ត្រូវឲ្យ​គេ​ដំ​ខ្នងដៃ​ ​មិន​ត្រូវឲ្យ​គេ​ដំ​ជើង​ ​មិន​ត្រូវឲ្យ​គេ​ដំ​ខ្នងជើង​ ​មិន​ត្រូវឲ្យ​គេ​ដំ​ភ្លៅ​ ​មិន​ត្រូវឲ្យ​គេ​ដំ​មុខ​ ​មិន​ត្រូវឲ្យ​គេ​ដំ​សាច់​ជើងធ្មេញ​ ​ដោយ​ឈើ​មាន​សណ្ឋាន​ដូច​ឆ្អឹង​ចង្កាគោ​ទេ​ ​ភិក្ខុនី​ណា​ឲ្យ​គេ​ដំ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២២០​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​លាបមុខ​ ​ប្រស់​មុខ​ ​ខាត់​មុខ​ ​ចឹម​មុខ​ ​ស្រឡាប​ខ្លួន​ ​ស្រឡាប​មុខ​ ​ស្រឡាប​ទាំង​ខ្លួន​ ​ទាំង​មុខ​ ​ដោយ​គ្រឿង​លាប​ ​លាយ​ដោយ​មនោសិលា​ ​(​ម្សៅ​លាម​)​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​លាបមុខ​ ​មិន​ត្រូវ​ប្រស់​មុខ​ ​មិន​ត្រូវ​ខាត់​មុខ​ ​មិន​ត្រូវ​ចឹម​មុខ​ ​មិន​ត្រូវ​ស្រឡាប​ខ្លួន​ ​មិន​ត្រូវ​ស្រឡាប​មុខ​ ​មិន​ត្រូវ​ស្រឡាប​ទាំង​ខ្លួន​ ​ទាំង​មុខ​ ​ដោយ​គ្រឿង​លាប​លាយ​ដោយ​មនោសិលា​ទេ​ ​ភិក្ខុនី​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់