ចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទមានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះឆន្នមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះអានន្ទមានអាយុ ក៏និយាយយ៉ាងនេះថា នែអាវុសោ ឆន្នៈ សង្ឃដាក់ព្រហ្មទណ្ឌដល់លោកហើយ។ ឆន្នភិក្ខុសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រហ្មទណ្ឌនោះ តើដូចម្តេចទៅ។ ព្រះអានន្ទប្រាប់ថា ម្នាលឆន្នភិក្ខុមានអាយុ លោកចង់ពោលពាក្យណា គប្បីពោលពាក្យនោះចុះ ភិក្ខុទាំងឡាយ មិនត្រូវនិយាយរក មិនត្រូវទូន្មាន មិនត្រូវប្រៀនប្រដៅលោកឡើយ។ ឆន្នភិក្ខុពោលថា បពិត្រព្រះអានន្ទដ៏ចំរើន កាលណាបើភិក្ខុទាំងឡាយ មិនត្រូវនិយាយរក មិនត្រូវទូន្មាន មិនត្រូវប្រៀនប្រដៅខ្ញុំដោយហេតុប៉ុណ្ណេះ បើដូច្នោះ ភិក្ខុទាំងឡាយ មិនសម្លាប់ខ្ញុំហើយឬ ហើយក៏ដួលជ្រប់ក្នុងទីនោះ។ គ្រានោះឯង ឆន្នៈមានអាយុ ក៏លំបាក អៀនខ្មាស ខ្ពើមព្រហ្មទណ្ឌ ក៏ចៀសចេញទៅតែម្នាក់ឯង ហើយមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ក៏បានដល់នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយធម៌ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ដោយមិនយូរ ហើយសម្រេចសម្រាន្តដោយឥរិយាបថទាំង៤ ហើយដឹងច្បាស់ថា ជាតិ