ឆាន់​ភោជន​ក្នុង​វេលាវិកាល​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការកំណត់​ដោយចន្លោះ​ស្រុក​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​សួរ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយចន្លោះ​ស្រុក​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​ឆាន់​រួចហើយ​ ​ហាម​ភោជន​ហើយ​ ​គិតថា​ ​អញ​នឹង​ទៅកាន់​ចន្លោះ​ស្រុក​ឥឡូវនេះ​ ​ហើយ​ឆាន់​អន​តិ​រិត្ត​ភោជន​ ​គឺ​ភោជន​ដែល​មិនបាន​ធ្វើ​វិនយកម្ម​ ​ឬ​ភោជន​មិនមែន​សល់​ដែល​អំពី​ភិក្ខុ​ឈឺ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការកំណត់​ដោយ​អាវាស​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​សួរ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយ​អាវាស​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​អាវាស​ច្រើន​នៅក្នុង​សីមា​ជាមួយគ្នា​ ​ភិក្ខុ​ធ្វើ​ឧបោសថ​កម្ម​ផ្សេង​ៗ​គ្នា​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​សួរ​ទៀត​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការកំណត់​ដោយ​អនុមតិ​(​១​)​ ​គួរ​ដែរ​ឬ​។​ ​
​​(​១​)​ ​ក្នុង​សារត្ថទីបនី​ថា​ ​សង្ឃ​គិតថា​ ​ពួក​ភិក្ខុ​ដែល​មិនទាន់​មកដល់​ ​លុះ​មកដល់​ហើយ​ ​សឹម​យើង​កាន់​យក​សេចក្តី​យល់ព្រម​ ​លុះ​គិត​ដូច្នេះហើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិនទាន់​មកដល់​នៅឡើយ​ ​សង្ឃ​ក៏​នាំគ្នា​ធ្វើ​សង្ឃកម្ម​ជាពួក​ ​ហើយ​កាន់​យក​នូវ​ការយល់ព្រម​ជា​ខាងក្រោយ​ ​គួរ​ដែរ​។​ ​កម្ម​ជាពួក​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៤០៤ | បន្ទាប់