[​៤០៣​]​ ​ភិក្ខុ​បាន​ចោទ​ ​បាន​រំលឹក​ ​ហើយ​ធ្វើ​កម្ម​ដល់​បុគ្គល​ដែល​មាននៅ​ក្នុង​ទី​ចំពោះមុខ​ ​ឯ​កម្ម​ដែល​ភិក្ខុ​នោះ​ធ្វើ​ហើយ​ ​ឈ្មោះថា​ ​មិនបាន​ធ្វើ​ទៅវិញ​ ​ទាំង​ការ​ក​សង្ឃ​ ​ក៏​ត្រូវអាបត្តិ​(​១​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤០៤​]​ ​ភិក្ខុ​កាត់​ ​ត្រូវអាបត្តិ​ក៏​មាន​(​២​)​ ​ភិក្ខុ​កាត់​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​(​៣​)​ ​ភិក្ខុ​បិទបាំង​ ​ត្រូវអាបត្តិ​ក៏​មាន​(​៤​)​ ​ភិក្ខុ​បិទបាំង​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​(​៥​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤០៥​]​ ​ភិក្ខុ​ពោល​ពាក្យពិត​ ​ត្រូវ​គរុកាបត្តិ​ក៏​មាន​(​៦​)​ ​ពោល​ពាក្យ​កុហក​ ​ត្រូវ​លហុកាបត្តិ​ក៏​មាន​(​៧​)​ ​ពោល​ពាក្យ​កុហក​ ​ត្រូវ​គរុកាបត្តិ​ក៏​មាន​(​៨​)​ ​ពោល​ពាក្យពិត​ ​ត្រូវ​លហុកាបត្តិ​ក៏​មាន​(​៩​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សំដៅយក​ ​ភិក្ខុ​ឲ្យ​ឧបសម្បទា​ ​ដល់​អភព្វបុគ្គល​ ​មាន​បណ្ឌក​ជាដើម​។​ ​(​២​)​ ​កាត់​វត្ថុ​មាន​ដើមឈើ​ជាដើម​។​ ​(​៣​)​ ​កាត់​ក្រចក​ ​ឬ​កាត់សក់​។​ ​(​៤​)​ ​បិទបាំង​អាបត្តិ​ទុក​។​ ​(​៥​)​ ​បិទបាំង​ទីលំនៅ​ ​មានផ្ទះ​ជាដើម​។​ ​(​៦​)​ ​ភិក្ខុ​ពោល​ពាក្យចំពោះ​ទ្វារ​មគ្គ​ជាដើម​ ​របស់​ស្រី​។​ ​(​៧​)​ ​ពោល​សម្បជានមុសាវាទ​។​ ​(​៨​)​ ​ពោល​ប្រាប់​ឧត្តរិមនុស្ស​ធម្ម​។​ ​(​៩​)​ ​ប្រាប់​ឧត្តរិមនុស្ស​ធម្ម​ ​ដែល​មាន​ក្នុង​សន្តាន​ពិត​ ​ដល់​អនុ​ប្ប​សម្បន្ន​។​
ថយ | ទំព័រទី ៤០៩ | បន្ទាប់