ទើប​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាល​អំពី​ដើម​ ​បាន​ជាប់​នៅក្នុង​ផ្ទះ​ឃុំ​ខាំង​ ​ឥឡូវនេះ​ ​អាត្មាអញ​បាន​រួច​អំពី​ការ​ឃុំ​ខាំង​នោះ​ដោយ​ស្រួល​ ​មិន​មាន​ភ័យ​ហើយ​ ​ឯ​សេចក្តី​បង់ខាត​នៃ​ភោគៈ​ទាំងឡាយ​ ​របស់​អាត្មាអញ​ ​សូម្បី​បន្តិចបន្តួច​ ​ក៏​មិន​មាន​ឡើយ​។​ ​បុរស​នោះ​ ​ក៏បាន​នូវ​បាមោជ្ជៈ​ ​បាន​នូវ​សេចក្តី​សោមនស្ស​ ​ដែល​មានការ​រួច​អំពី​ផ្ទះ​ឃុំ​ខាំង​នោះ​ ​ជាហេតុ​។​ ​បពិត្រមហារាជ​ ​មួយទៀត​ ​ប្រៀប​ដូច​បុរស​ដែល​ជា​ទាសៈ​គេ​ ​រមែង​មិនបាន​ធ្វើ​កិច្ចការ​នីមួយ​តាមអំពើចិត្ត​ខ្លួន​ ​រមែង​ធ្វើ​ទៅតាម​សេចក្តី​គាប់ចិត្ត​របស់​បុគ្គល​ដទៃ​ ​ទៅកាន់​ទីណា​ ​តាមចំណង់​របស់​ខ្លួន​មិនបាន​ឡើយ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​បុរស​នោះ​ ​ក៏បាន​រួច​អំពី​ភាវៈ​ជា​ទាសៈ​នោះ​ ​ជា​អ្នក​បាន​ធ្វើ​នូវ​អំពើ​ ​តាម​គាប់ចិត្ត​របស់​ខ្លួន​ ​មិនបាន​ធ្វើ​ទៅតាម​សេចក្តី​គាប់ចិត្ត​របស់​បុគ្គល​ដទៃ​ ​បាន​រួច​ជា​អ្នកជា​ ​ទៅកាន់​ទីណា​ ​តាមចំណង់​របស់​ខ្លួន​បាន​ ​ទើប​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាល​អំពី​ដើម​ ​ជា​ទាសៈ​គេ​ ​មិនបាន​ធ្វើ​កិច្ចការ​នីមួយ​តាមអំពើចិត្ត​របស់​ខ្លួន​ ​តែង​ធ្វើ​ទៅតាម​សេចក្តី​គាប់ចិត្ត​របស់​បុគ្គល​ដទៃ​ ​ទៅកាន់​ទីណា​ ​តាមចំណង់​របស់​ខ្លួន​មិនបាន​ឡើយ​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​បាន​រួច​អំពី​ភាវៈ​ជា​ទាសៈ​គេ​នោះ​ហើយ​ ​ជា​អ្នក​បាន​ធ្វើ​កិច្ចការ​នីមួយ​ ​តាមអំពើចិត្ត​របស់​ខ្លួន​ ​មិនបាន​ធ្វើ​ទៅតាម​សេចក្តី​គាប់ចិត្ត​របស់​បុគ្គល​ដទៃ​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់