ក្រៅអំពី​បុគ្គល​ពួក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​អ្នក​និយាយ​ថា​ ​ខ្លួន​មាន​នុ៎ះ​ ​ក៏​មាន​មែន​ ​ឯខ្ញុំ​មិន​និយាយ​ថា​ ​ខ្លួន​នុ៎ះ​មិន​មាន​ទេ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​តែថា​ ​ខ្លួននេះ​មិនមែន​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ថា​ជា​គុណជាត​យ៉ាង​ក្រៃលែង​ ​ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឡើយ​ ​ពាក្យ​ដែល​ខ្ញុំ​ថា​យ៉ាងនោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​ហេតុ​ថា​ ​សេចក្តី​អើពើ​ ​ឬ​សេចក្តី​កួច​កាន់​នៃ​ចិត្ត​ ​ថា​សុខ​ដូច្នេះ​ ​រមែង​មាន​ក្នុង​តតិយជ្ឈាន​នោះ​ ​តតិយជ្ឈាន​នុ៎ះ​ ​នៅ​ប្រាកដជា​ឈាន​គ្រោតគ្រាត​ ​ព្រោះ​មាន​សុខ​នៅឡើយ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​កាលណាបើ​ខ្លួននេះ​ ​បាន​លះបង់​សុខ​ផង​ ​លះបង់​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់ហើយ​ក្នុង​កាលមុន​ ​ហើយ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​មាន​អារម្មណ៍​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​គឺជា​ឧបេក្ខា​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​កើតអំពី​ឧបេក្ខា​វេទនា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​ ​ទើប​ខ្លួននេះ​ឈ្មោះថា​ ​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ ​ថា​ជា​គុណជាត​យ៉ាង​ក្រៃលែង​។​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​បញ្ញត្ត​នូវ​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន​ថា​ ​ជា​គុណជាតិ​យ៉ាង​ក្រៃលែង​ ​របស់​សត្វ​ដែល​មាននៅ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​ជា​ទិដ្ឋធម្ម​និព្វាន​វាទ​ ​បញ្ញត្ត​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ថា​ជា​គុណជាត​យ៉ាង​ក្រៃលែង​ ​របស់​សត្វ​ដែល​មាននៅ​ ​ដោយហេតុ៥យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់