ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៣)។ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា ក៏ប្រៀបធៀបគ្នាបាន។ ទឹកក្នុងទន្លេគង្គា ប្រៀបស្មើនឹងទឹកក្នុងទន្លេយមុនា ដូចម្តេចមិញ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា ក៏ប្រៀបធៀបគ្នាបានដូច្នោះដែរ។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកបញ្ញត្ត នូវបដិបទា ជាទីទៅកាន់ព្រះនិព្វានយ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៤)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បានពួកសេក្ខបុគ្គល ដែលឋិតនៅក្នុងបដិបទាហើយ និងពួកព្រះខីណាស្រព ដែលមានព្រហ្មចរិយធម៌ អប់រំស្រេចហើយជាគ្នីគ្នា តែព្រះមានព្រះភាគ ទ្រង់មិនជាប់ព្រះទ័យនឹងគ្នីគ្នានោះទេ ទ្រង់ប្រកបនូវសេចក្តីត្រេកអរ តែមួយព្រះអង្គឯង។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកប្រកបនូវសេចក្តីត្រេកអរ តែម្នាក់ឯងយ៉ាងនេះ ដែលជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លង