ម្នាលអ្នកដ៏ចំរើន លុះព្រះបាទទិសម្បតិ ទ្រង់ស្រោចទឹកជោតិបាលមាណព ក្នុងតំណែងងារគោវិន្ទព្រាហ្មណ៍ ទ្រង់តាំងជោតិបាលមាណព ក្នុងដំណែងជាដំណែលបិតា។ ជោតិបាលមាណព ដែលព្រះរាជាទ្រង់ស្រោចទឹក ក្នុងទីជារបស់គោវិន្ទព្រាហ្មណ៍ ទ្រង់តាំងងារជាដំណែលបិតាហើយ តែងប្រៀនប្រដៅនូវសេចក្តីទាំងឡាយ ដែលបិតាបានប្រៀនប្រដៅហើយ ដល់ព្រះរាជានោះផង មិនបានប្រៀនប្រដៅ នូវសេចក្តីទាំងឡាយ ដែលបិតាមិនបានប្រៀនប្រដៅ ដល់ព្រះរាជានោះផង បានចាត់ចែងការងារទាំងឡាយ ដែលបិតាបានចាត់ចែងហើយ ដល់ព្រះរាជានោះផង មិនបានចាត់ចែងនូវការងារទាំងឡាយ ដែលបិតាមិនបានចាត់ចែងហើយ ដល់ព្រះរាជានោះផង។ មនុស្សទាំងឡាយ ក៏នាំគ្នានិយាយពីដំណើរនោះថា អើហ្ន៎ មើលចុះគោវិន្ទព្រាហ្មណ៍ អើហ្ន៎ មើលចុះមហាគោវិន្ទព្រាហ្មណ៍។ ម្នាលអ្នកដ៏ចំរើ់ន ជោតិបាលមាណព ក៏បានឈ្មោះថា មហាគោវិន្ទព្រាហ្មណ៍ ដោយបរិយាយនេះ យ៉ាងនេះឯង។