ជាន់តាវត្តិង្ស ពួកទេវតាទាំងអស់ ព្រមទាំងព្រះឥន្ទ្រាធិរាជ និង បជាបតិទេវរាជ បានចូលទៅក្នុងរោង ឈ្មោះសុធម្មា។ ទេវតាទាំងនោះ លុះប្រជុំគ្នាហើយ ក៏មិនប្រព្រឹត្តកន្លងនូវទេវបុត្រទាំងពីរនោះបានឡើយ ទេវបុត្រទាំងពីរនោះ ជាអ្នកក្លៀវក្លា ប្រាសចាករាគៈ ធ្វើនូវអនាគាមិមគ្គ ដែលប្រាសចាកធូលី វាសវទេវរាជ ជាធំជាងពួកទេវតា បានឃើញនូវទេវបុត្រទាំងពីរនោះហើយ ក៏ធ្វើនូវសេចក្តីសង្វេគ ក្នុងកណ្តាលនៃពួកទេវតាថា ទេវបុត្រទាំងនេះ គឺទេវបុត្រ ដែលកើតក្នុងពួកគន្ធព្វ ជាអ្នកថោកទាបនោះឯង ប្រព្រឹត្តកន្លងនូវពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្ស ឯគោបកទេវបុត្រ លុះបានស្តាប់ព្រះបន្ទូល នៃវាសវទេវរាជ ដែលទ្រង់កើតសេចក្តីសង្វេគហើយ ក៏ក្រាបទូលវាសវទេវរាជថា បពិត្រព្រះអង្គ ជាធំជាងជន ព្រះពុទ្ធទ្រង់កើតក្នុងមនុស្សលោក ទ្រង់គ្របសង្កត់នូវកាមបាន អ្នកផងតែងស្គាល់ព្រះនាមថា សក្យមុនី ទេវបុត្តទាំងពីរនោះ ជាបុត្ររបស់ព្រះអង្គ សាបសូន្យចាកឈានសតិ លុះខ្ញុំព្រះអង្គ រំលឹកដាស់តឿនហើយ ទេវបុត្រទាំងពីរអង្គនោះ ក៏ត្រឡប់បាននូវឈានសតិវិញ។