ភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាកម្មន្តៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស ហើយរស់នៅ ដោយការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើងហើយ ឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យ ចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។