មិនសមបើនឹងស្វែងរកសំឡេងស័ង្ខ ដោយខុសទំនងសោះ។ កាលពួកមនុស្សទាំងនោះ កំពុងមើល បុរសផ្លុំស័ង្ខនោះ ក៏ចាប់ស័ង្ខផ្លុំ៣ដង ហើយកាន់ស័ង្ខដើរចៀសចេញទៅ។ បពិត្ររាជញ្ញៈ លំដាប់នោះ មនុស្សនៅក្នុងបច្ចន្តជនបទទាំងអស់នោះ មានសេចក្តីត្រិះរិះដូច្នេះថា នែគ្នាយើងអើយ ធម្មតា ស័ង្ខនេះ លុះតែកាលណា បានផ្សំនឹងបុរសផង ផ្សំនឹងសេចក្តីព្យាយាមផង ផ្សំនឹងខ្យល់ផង ទើបស័ង្ខនេះ បន្លឺ (សំឡេង) ក្នុងកាលណោះបាន កាលណាបើស័ង្ខនេះ មិនបានផ្សំនឹងបុរស មិនបានផ្សំនឹងសេចក្តីព្យាយាម មិនបានផ្សំនឹងខ្យល់ទេ ស័ង្ខនេះ ក៏បន្លឺសំឡេងមិនបាន។ បពិត្ររាជញ្ញៈ កាយនេះក៏ដូច្នោះដែរ កាលណាប្រកបដោយអាយុផង ប្រកបដោយភ្លើងធាតុផង ប្រកបដោយវិញ្ញាណផង ក្នុងកាលនោះ ទើបកាយនោះ ឈានទៅក៏បាន ថយក្រោយក៏បាន ឈរក៏បាន អង្គុយក៏បាន សម្រេចឥរិយាបថដេកក៏បាន ឃើញរូបដោយភ្នែកក៏បាន ស្តាប់សំឡេងដោយត្រចៀកក៏បាន ធុំក្លិនដោយច្រមុះក៏បាន លិទ្ធភ្លក្សរសដោយអណ្តាតក៏បាន ពាល់ត្រូវផោដ្ឋព្វៈដោយកាយក៏បាន ដឹងច្បាស់នូវធម្មារម្មណ៍ដោយ