ពួកទេវតាទាំងនោះ រុងរឿងកន្លង នូវពួកទេវតាឯទៀតដោយសម្បុរ ដោយយស និងអាយុ ពួកសាវ័ក របស់ព្រះសម្ពុទ្ធ ព្រះអង្គមានព្រះប្រាជ្ញាដូចផែនដី ជាសាវ័កដល់នូវសេចក្តីវិសេស ក្នុងទេវលោកនេះ។ ពួកទេវតាជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ លុះឃើញហេតុនេះហើយ ក៏ត្រេកអរ បាននមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ដែលជាធម៌ដ៏ល្អផង។
[៤៩] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្ស ដោយក្រៃលែង លើសប្រមាណថា អើហ្ន៎ ពួកកាយទិព្វ នៅពេញត្រៀបត្រា ពួកអសុរកាយ បាត់ទៅអស់។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកទេវតា ជាន់តាវត្តិង្សហើយ ទើបមានព្រះបន្ទូលនឹងពួកទេវតា ជាន់តាវត្តិង្សថា ម្នាលគ្នាយើង អ្នកទាំងឡាយ ចង់ស្តាប់គុណ ជារបស់ពិត៨ប្រការ របស់ព្រះមានព្រះភាគនោះដែរឬ។ ពួកទេវតាក្រាបទូលថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ យើងខ្ញុំចង់ស្តាប់គុណ ជារបស់ពិត៨ប្រការ របស់ព្រះ