ជារាជធានីដ៏ស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានមនុស្សកុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌ យ៉ាងនោះដែរ។ ម្នាលអានន្ទ កុសាវតីរាជធានី ជាក្រុងកងរំពងដោយសូរសព្ទ១០យ៉ាង ទាំងថ្ងៃ ទាំងយប់ គឺសូរសព្ទដំរី សូរសព្ទសេះ សូរសព្ទរថ សូរសព្ទស្គរ សូរសព្ទសម្ភោរ សូរសព្ទពិណ សូរសព្ទចម្រៀង សូរសព្ទមហោស្រព សូរសព្ទប្រគំ សូរសព្ទមនុស្សនិយាយគ្នាថា អ្នកទាំងឡាយ ចូរបរិភោគទៅ ចូរផឹកទៅ ចូរស៊ីទៅ រួមជាគំរប់១០យ៉ាង។ ម្នាលអានន្ទ កុសាវតីរាជធានី មានកំពែងព័ទ្ធជុំវិញ ៧ជាន់ គឺកំពែងមាស១ជាន់ កំពែងប្រាក់១ជាន់ កំពែងកែវពៃទូរ្យ១ជាន់ កំពែងកែវផលិក១ជាន់ កំពែងកែវទទឹម១ជាន់ កំពែងកែវមរកត១ជាន់ កំពែងកែវគ្រប់យ៉ាង១ជាន់។ ម្នាលអានន្ទ កុសាវតីរាជធានី មានទ្វារ៤បែប គឺទ្វារមាស១ ទ្វារប្រាក់១ ទ្វារកែវពៃទូរ្យ១ ទ្វារកែវផលិក១។