[​១៥១​]​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បើ​ដូច្នោះ​ ​អាត្មាភាព​នឹង​ធ្វើ​សេចក្តី​ឧបមា​ថ្វាយ​មហា​បពិត្រ​ ​បុរស​អ្នកចេះដឹង​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​យល់​សេចក្តី​នៃ​ភាសិត​ ​ដោយ​ឧបមា​បាន​។​ ​បពិត្រ​រា​ជញ្ញៈ​ ​ដូចជា​បុរស​យក​ជញ្ជីង​ថ្លឹង​ដុំដែក​ ​ដែល​ភ្លើង​ឆេះ​រន្ទាលច្រាលឆ្អៅ​ ​មាន​អណ្តាត​សន្ធោសន្ធៅ​ ​ក្តៅ​អស់​មួយថ្ងៃ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​គេ​ក៏បាន​យក​ជញ្ជីង​មក​ថ្លឹង​ដុំដែក​ ​ដែល​រលត់​ភ្លើង​ ​ត្រជាក់​អស់ហើយ​នោះ​ ​(​ម្តង​ទៀត​)​ ​ចុះ​ដុំដែក​នោះ​ ​ដែល​ទៅជា​ស្រាល​ជាង​ ​ឬ​ទន់​ជាង​ ​ឬ​គួរ​ដល់​ការងារ​ជាង​ ​តើ​ក្នុង​កាលណា​ ​ក្នុង​កាលដែល​កំពុង​ឆេះ​រន្ទាលច្រាលឆ្អៅ​ ​មាន​អណ្តាត​សន្ធោសន្ធៅ​ឬ​ ​ឬ​ក្នុង​កាលដែល​រលត់​ភ្លើង​ ​ត្រជាក់​ហើយ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ក្នុង​កាលណា​ ​ដែល​ដុំដែក​នោះ​ប្រកបដោយ​ភ្លើង​ ​ទាំង​ប្រកបដោយ​ខ្យល់​ ​កំពុង​ឆេះ​រន្ទាលច្រាលឆ្អៅ​ ​មាន​អណ្តាត​សន្ធោសន្ធៅ​ ​ក្នុង​កាលនោះ​ឯង​ ​ដុំដែក​នោះ​ ​ស្រាល​ជាង​ផង​ ​ទន់​ជាង​ផង​ ​គួរ​ដល់​ការងារ​ជាង​ផង​ ​លុះតែ​កាលណា​ ​ដុំដែក​នោះ​ ​មិន​ប្រកបដោយ​ភ្លើង​ ​មិន​ប្រកបដោយ​ខ្យល់​ ​រលត់​ភ្លើង​ ​ត្រជាក់​អស់ហើយ​ ​ក្នុង​កាលនោះ​ ​ដុំដែក​នោះ​ ​ទៅជា​ធ្ងន់ជាង​ផង​ ​រឹង​ជាង​ផង​ ​មិន​គួរ​ដល់​ការងារ​ជាង​ផង​។​ ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់