[១៦៦] ព្រះបាទបាយាសិរាជញ្ញៈ មានបន្ទូលថា ខ្ញុំមានចិត្តត្រេកអរជ្រះថ្លាហើយ ដោយសារសេចក្តីឧបមា របស់ព្រះកស្សបដ៏ចំរើន តាំងពីដម្បូងមកម្ល៉េះ ប៉ុន្តែខ្ញុំចង់ស្តាប់បញ្ហាបដិភាណដ៏វិចិត្រនេះទៀត បានជាខ្ញុំធ្វើជាប្រកាន់ឆ្វេង ឲ្យទាស់ខុសគ្នា នឹងព្រះកស្សបដ៏ចំរើនយ៉ាងនេះ បពិត្រព្រះកស្សបដ៏ចំរើន ភាសិតរបស់លោកម្ចាស់ពីរោះណាស់ បពិត្រព្រះកស្សបដ៏ចំរើន ភាសិតរបស់លោកម្ចាស់ពីរោះណាស់ បពិត្រព្រះកស្សបដ៏ចំរើន ធម៌ដែលព្រះកស្សប បានសំដែង ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែលកំបាំង ឬក៏ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ នឹងមើលឃើញនូវរូបទាំងឡាយបាន បពិត្រព្រះកស្សបដ៏ចំរើន ខ្ញុំនេះ សូមដល់នូវព្រះគោតមដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹងទីរលឹក ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះកស្សបដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត បពិត្រព្រះកស្សបដ៏ចំរើន មិនតែប៉ុណ្ណោះទេ ខ្ញុំត្រូវការនឹងបូជាមហាយ័ញ្ញ