យីអើហ្ន៎​ ​ធម៌​ដ៏​លាមក​ទាំងឡាយ​ ​កើត​ប្រាកដ​ដល់​សត្វ​ទាំងឡាយ​ហើយ​ ​ព្រោះថា​ ​ការ​លួច​ទ្រព្យ​គេ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​ការ​តិះដៀល​ ​ក៏​កើត​ប្រាកដ​ឡើង​ ​ការ​និយាយ​កុហក​ ​ក៏​កើត​ប្រាកដ​ឡើង​ ​ការ​ដាក់​អាជ្ញា​ ​ក៏​កើត​ប្រាកដ​ឡើង​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​សន្មត​សត្វ​ណា​ម្នាក់​ ​ឲ្យ​ជា​អ្នក​បន្ទោស​សត្វ​ ​ដែល​យើង​គួរ​បន្ទោស​តាម​ហេតុ​ ​ឲ្យ​តិះដៀល​សត្វ​ ​ដែល​យើង​គួរ​តិះដៀល​តាម​ហេតុ​ ​ឲ្យ​បណ្តេញ​ ​សត្វ​ ​ដែល​យើង​គួរ​បណ្តេញ​តាម​ហេតុ​ ​ចំណែកខាង​ពួក​យើង​ ​ត្រូវ​ជូន​ចំណែក​ស្រូវសាលី​ទាំងឡាយ​ ​ឲ្យ​ដល់​សត្វ​នោះ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ទើប​ពួក​សត្វ​ទាំងនោះ​ ​នាំគ្នា​ចូល​ទៅ​រក​សត្វ​ ​ដែល​ជា​អ្នកមាន​រូបល្អ​ ​គួរ​រមិលមើល​ ​គួរ​ជ្រះថ្លា​ ​មាន​ស័ក្កិ​ធំ​(​១​)​ ​ជាង​ពួក​សត្វ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ដូច្នេះ​ថា​ ​បពិត្រ​សត្វ​ដ៏​ចំរើន​ ​អ្នក​ចូរ​មក​ ​បន្ទោស​សត្វ​ ​ដែល​គួរ​បន្ទោស​តាម​ហេតុ​ ​ចូរ​តិះដៀល​សត្វ​ ​ដែល​គួរ​តិះដៀល​តាម​ហេតុ​ ​ចូរ​បណ្តេញ​សត្វ​ ​ដែល​គួរ​បណ្តេញ​តាម​ហេតុ​ចុះ​ ​សិម​ពួក​យើង​ ​នឹង​ជូន​ចំណែក​ស្រូវសាលី​ទាំងឡាយ​ដល់​អ្នក​។​
​(​១​)​ ​(​អដ្ឋកថា​)​ ​គឺ​ព្រះ​បរម​ពោធិសត្វ​ ​នៃ​យើង​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់