មហាបុរស មានព្រះបណ្ហិ គឺកែង វែង។ មានព្រះអង្គុលិ គឺម្រាមព្រះហស្ត និងម្រាមព្រះបាទវែងៗ។ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទដ៏ទន់ល្មើយ។ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទ ប្រទាក់ដោយក្រឡា ដូចជាសំណាញ់។ មានព្រះបាទដូចជាអណ្តែតឡើងខាងលើ។ មានព្រះជង្ឃា គឺស្មងរៀវមូលត្រសូល ស្រដៀងនឹងស្មងសត្វទ្រាយ។ កាលបើទ្រង់ឈរ មិនបាច់ឱនព្រះអង្គចុះ អាចស្ទាបអង្អែលព្រះជាណុ គឺជង្គង់ ដោយផ្ទៃព្រះហស្តទាំងពីរបាន។ មានព្រះអង្គាវយវៈ ដែលត្រូវលាក់កំបាំង ដោយសំពត់ឋិតនៅក្នុងស្រោម។ មានស្បែកសម្បុរថ្ងៃ (លឿងភ្លឺអន្លង់) ដូចជាសម្បុរនៃមាស។ មានព្រះឆវី គឺសម្បុរថ្ងៃ ល្អិតផូរផង់ រលីងស្រិល រអិល ធុលីធ្លាក់មកមិនជាប់ព្រះកាយ។ មានព្រះលោមាតែ១សរសៃៗ គឺក្នុងរណ្តៅរោម ១ មានរោម ១។ មានព្រះលោមា មានចុងងឡើងលើ ព្រះលោមា ដែលដុះឡើងហើយ មានចុងឡើងលើ ជាទក្ខិណាវដ្ត វិលវង់ព័ទ្ធពេនទៅខាងស្តាំ មានសម្បុរខៀវ ដូចជាសម្បុរនៃផ្កាអញ្ជ័ន កួចមូលដូចជាកុណ្ឌល។ មានព្រះកាយត្រង់ ដូចជាកាយនៃព្រហ្ម។ មានព្រះមំសៈ គឺសាច់៧ អន្លើពេញបរិបូណ៌។ មានព្រះកាយពាក់កណ្តាលខាងលើ ដូចជាកាយនៃរាជសីហ៍។ មានព្រះបិដ្ឋិ គឺខ្នង ដ៏ពេញបរិបូណ៌។