សម័យនោះឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ។ ភិក្ខុនោះក៏ទៅហើយសួរមនុស្សទាំងឡាយថា ស្រីឈ្មោះនេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា បពិត្រលោកម្ចាស់ស្រីនោះស្លាប់ហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ។ ភិក្ខុនោះក៏ទៅ ហើយសួរមនុស្សទាំងឡាយថា ស្រីឈ្មោះនេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា នាងនោះចេញពីទីនេះទៅហើយ លោកម្ចាស់។បេ។ មនុស្សនោះមិនមែនជាស្រីទេ លោកម្ចាស់។បេ។ មនុស្សនោះជាស្រីខ្ទើយទេ លោកម្ចាស់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។