ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះដល់​ភិក្ខុ​នោះ​អង្គុយ​ស៊ប់​ហើយ​ ​តថាគត​បាន​ពោល​ពាក្យ​នេះ​នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ ​ខន្ធ​បញ្ចក​ដែល​មាន​ចក្ក៤​ ​មាន​ទ្វារ៩​ ​អ្នក​ល្មម​អត់ធន់​បានទេ​ឬ​ ​ខន្ធ​បញ្ចក​ដែល​មាន​ចក្ក៤​ ​មាន​ទ្វារ៩​ ​អ្នក​ល្មម​ឲ្យ​ប្រព្រឹត្តទៅ​បានទេ​ឬ​ ​អ្នកជា​បុគ្គល​មកកាន់​ផ្លូវ​ឆ្ងាយ​ដោយ​ឥតមាន​លំបាក​ទេ​ឬ​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​មក​អំពី​ទីណា​។​ ​ភិក្ខុ​នោះ​ពោល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខន្ធ​បញ្ចក​ដែល​មាន​ចក្ក៤​ ​មាន​ទ្វារ៩​ ​ខ្ញុំ​ព្រះអង្គ​ល្មម​អត់ធន់​បាន​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខន្ធ​បញ្ចក​ដែល​មាន​ចក្ក៤​ ​មាន​ទ្វារ៩​ ​ខ្ញុំ​ព្រះអង្គ​ល្មម​ឲ្យ​ប្រព្រឹត្តទៅ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយសោត​ ​ខ្ញុំ​ព្រះអង្គ​ជា​បុគ្គល​មកកាន់​ផ្លូវ​ឆ្ងាយ​ដោយ​ឥតមាន​លំបាក​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខាង​ភ្នំ​ហិមវន្ត​ ​មាន​ដងព្រៃ​មួយ​ធំ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​ក្នុង​ទី​ជិត​នៃ​ដងព្រៃ​នោះ​ ​មាន​បឹង​ទំនាប​ធំ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​មាន​ហ្វូង​សត្វស្លាប​ច្រើន​ ​វេលា​ថ្ងៃ​ ​ត្រាច់​រក​អាហារ​នៅ​បឹង​នោះ​ ​លុះដល់​វេលា​ល្ងាច​ ​នាំគ្នា​មក​អាស្រ័យ​នៅ​នាដងព្រៃ​នោះ​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​បាន​ជាម​ក​អំពី​ទីនោះ​ ​ព្រោះ​អផ្សុក​នឹង​សំឡេង​នៃ​ហ្វូង​សត្វស្លាប​នោះ​។​ ​តថាគត​បាន​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​ចង់​មិន​ឲ្យ​ហ្វូង​សត្វស្លាប​នោះ​មក​ទេ​ឬ​ ​ភិក្ខុ​នោះ​ពោល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិន​ចង់​ឲ្យ​ហ្វូង​សត្វស្លាប​នោះ​មក​ទេ​។​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់