[២៩៣] បណ្តាមនុស្សទាំងនោះ មនុស្សទាំងឡាយណាជាអ្នកឥតសទ្ធា មិនជ្រះថ្លា មានប្រាជ្ញាថោកថយ ទើបមនុស្សទាំងនោះពោលយ៉ាងនេះថា ពួកសមណៈទាំងនេះឯងជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ជាអ្នកកំចាត់កិលេសធម៌ ជាអ្នកប្រព្រឹត្តក្នុងធម៌ដ៏ផូរផង់ ចំណែកព្រះសមណគោតម ជាអ្នកប្រព្រឹត្តល្មោភដោយបច្ច័យ មានចីវរបច្ច័យជាដើម តែងត្រិះរិះដោយបច្ច័យ មានចីវរបច្ច័យជាដើមដ៏ច្រើន។ ពួកមនុស្សណា ជាអ្នកមានសទ្ធាជ្រះថ្លា ជាបណ្ឌិតមានប្រាជ្ញា ពួកមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តភិក្ខុមិនគួរសោះនឹងខំប្រឹងទំលាយសង្ឃ ទំលាយចក្ររបស់ព្រះដ៏មានព្រះភាគម្ចាស់។ ពួកភិក្ខុបានឮពួកមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)។ ភិក្ខុទាំងឡាយឯណា ជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តភិក្ខុមិនសម្បីបើខំខ្នះខ្នែង ដើម្បីទំលាយសង្ឃ ដើម្បីទំលាយចក្រសោះ។ ទើបភិក្ខុទាំងនោះ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏ទ្រង់ជោគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ទេវទត្តភិក្ខុក្នុងពេលនោះ។បេ។ នែទេវទត្ត គេថាអ្នកឯងព្យាយាមទំលាយសង្ឃ ទំលាយចក្រ ពិតមែនឬ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។