ចំណែកខាងស្រីណាដែលមានសេចក្តីអៀនខ្មាស ស្រីនោះចេញមក ក៏ពោលទោសឧទាយិប្រាប់ភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ដ៏ចំរើន ការនេះគ្មានលាក់បាំង គ្មានគួរសមសោះ ចុះហេតុអ្វីក៏លោកម្ចាស់ឧទាយិនិយាយយ៉ាងនេះ សូម្បីដល់ទៅប្តី បើនិយាយយ៉ាងនេះ ក៏យើងទាំងឡាយមិនប្រាថ្នាដែរ។ ភិក្ខុទាំងឡាយឯណាដែលមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីអៀនខ្មាស ជាអ្នករង្កៀស ប្រាថ្នាតែខាងការរៀនសូត្រ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វី បានជាឧទាយិភិក្ខុដ៏មានអាយុ ពោលចង់មាតុគ្រាមដោយសំដីអាក្រក់ (ដូច្នោះ)។ កាលនោះ ភិក្ខុទាំងនោះ យកសេចក្តីនុ៎ះក្រាបទូលដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរឧទាយិភិក្ខុដ៏មានអាយុក្នុងកាលនោះថា ម្នាលឧទាយិ បានឮថា អ្នកឯងពោលចង់មាតុគ្រាមដោយសំដីអាក្រក់មែនឬ។ ឧទាយិភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ (សេចក្តីនុ៎ះ) ពិតមែន។ ព្រះសព្វញ្ញុពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលបុរសសោះសូន្យ ដំណើរនេះមិនទំនង មិនសមគួរ មិនត្រូវបែប មិនមែនជារបស់សមណ មិនគប្បីសោះ មិនគួរធ្វើសោះ នែមោឃបុរស ចុះហេតុអ្វី បានជាអ្នកឯងពោលចង់មាតុគ្រាមដោយសំដីអាក្រក់ (ដូច្នោះ)