បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំករុណាសូមការសំដែងទីធ្វើកុដិនឹងសង្ឃ។ ភិក្ខុអ្នកធ្វើកុដិនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាសប្រតិពល គប្បីញុំាងសង្ឃឲ្យដឹង (ដោយញត្តិទុតិយកម្មវាចា) ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិឥតមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួនដោយសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូមការសំដែងទីធ្វើកុដិនឹងសង្ឃ។ បើការសំដែងទីធ្វើកុដិមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសំដែងទីធ្វើកុដិ ដើម្បីភិក្ខុឈ្មោះនេះ។ នេះជាញត្តិ (វាចាប្រកាសឲ្យសង្ឃដឹង)។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិឥតមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួនដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូមការសំដែងទីធ្វើកុដិនឹងសង្ឃ សង្ឃសំដែងទីធ្វើកុដិដើម្បីភិក្ខុឈ្មោះនេះ។ ការសំដែងទីធ្វើកុដិដើម្បីភិក្ខុឈ្មោះនេះសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម (បើ) មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោល។ សង្ឃបានសំដែងទីធ្វើកុដិដើម្បីភិក្ខុឈ្មោះនេះហើយ។ ការនេះសមគួរដល់សង្ឃ ព្រោះហេតុនោះ សង្ឃទើបស្ងៀម ខ្ញុំករុណា សូមចាំទុកសេចក្តីនេះ ដោយកិរិយាស្ងៀមយ៉ាងនេះ។