[​២២៩​]​ ​វិហារ​ដែល​មាន​ទាយក​ជា​ម្ចាស់​ ​តថាគត​ហៅថា​វិហារធំ​។​ ​ទី​ដែលគេ​លាប​ខាងក្នុង​ក្តី​ ​លាប​ខាងក្រៅ​ក្តី​ ​លាប​ទាំង​ខាងក្នុង​ទាំង​ខាងក្រៅ​ក្តី​ ​ហៅថា​វិហារ​។​ ​ត្រង់​ពាក្យ​ថា​ ​គប្បី​ឲ្យ​គេ​ធ្វើ​ ​គឺ​ធ្វើខ្លួន​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​។​ ​ត្រង់​ពាក្យ​ថា​ ​ឬមិន​នាំ​ភិក្ខុ​ទាំងឡាយ​ទៅ​ដើម្បី​សំដែង​ទី​ឲ្យ​ ​សេចក្តី​ថា​ ​ភិក្ខុ​អ្នកធ្វើ​វិហារ​ ​មិន​ឲ្យ​ភិក្ខុ​ទាំងឡាយ​សំដែង​ទីសម្រាប់​សង់​វិហារ​ដោយ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​ហើយ​ធ្វើខ្លួន​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​គ្រប់​ប្រយោគ​ ​នៅ​បាយអ១ដុំ​ទៀត​នឹង​សម្រេច​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​លុះ​យក​ដុំ​នោះ​បូក​សម្រេច​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ត្រង់​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សង្ឃាទិសេស​សិក្ខាបទ​ទី១រួចហើយ​។​
 [​២៣០​]​ ​ភិក្ខុ​ធ្វើ​វិហារ​ដែល​សង្ឃ​មិនបាន​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​ ​និង​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​វិហារ​ដែល​សង្ឃ​មិនបាន​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​តែ​ជាទី​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​វិហារ​ដែល​សង្ឃ​មិនបាន​សំដែង​ទី​ឲ្យ​ ​ជាទី​មិន​មាន​សេចក្តី​រង្កៀស​ ​តែ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​វិហារ​ដែល​សង្ឃ​មិនបាន​សំដែង​ទី​ឲ្យ​ ​ជាទី​មិន​មាន​សេចក្តី​រង្កៀស​ ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ២៣១ | បន្ទាប់