ចំណែកខាង​ស្រី​ណា​ដែល​មាន​សេចក្តី​អៀនខ្មាស​ ​ស្រី​នោះ​ចេញ​មក​ ​ក៏​ពោល​ទោស​ឧទាយិ​ប្រាប់ភិក្ខុ​ទាំងឡាយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការ​នេះ​គ្មាន​លាក់បាំង​ ​គ្មាន​គួរសម​សោះ​ ​ចុះ​ហេតុអ្វី​ក៏​លោក​ម្ចាស់​ឧទាយិ​និយាយ​យ៉ាងនេះ​ ​សូម្បី​ដល់ទៅ​ប្តី​ ​បើ​និយាយ​យ៉ាងនេះ​ ​ក៏​យើង​ទាំងឡាយ​មិន​ប្រាថ្នា​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្តោស​ ​មាន​សេចក្តី​អៀនខ្មាស​ ​ជា​អ្នក​រង្កៀស​ ​ប្រាថ្នា​តែ​ខាង​ការរៀនសូត្រ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ពោល​ចង់​មាតុគ្រាម​ដោយ​សំដី​អាក្រក់​ ​(​ដូច្នោះ​)​។​ ​កាលនោះ​ ​ភិក្ខុ​ទាំងនោះ​ ​យក​សេចក្តី​នុ៎ះ​ក្រាបទូល​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ក្នុង​កាលនោះ​ថា​ ​ម្នាល​ឧទាយិ​ ​បានឮ​ថា​ ​អ្នកឯង​ពោល​ចង់​មាតុគ្រាម​ដោយ​សំដី​អាក្រក់​មែន​ឬ​។​ ​ឧទាយិ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​សេចក្តី​នុ៎ះ​)​ ​ពិតមែន​។​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​បុរស​សោះសូន្យ​ ​ដំណើរ​នេះ​មិនទំនង​ ​មិន​សមគួរ​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណ​ ​មិន​គប្បី​សោះ​ ​មិន​គួរ​ធ្វើ​សោះ​ ​នែ​មោឃបុរស​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​អ្នកឯង​ពោល​ចង់​មាតុគ្រាម​ដោយ​សំដី​អាក្រក់​ ​(​ដូច្នោះ​)
ថយ | ទំព័រទី ៨៧ | បន្ទាប់