លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គលនោះឯង បែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាឥតស្រាក ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត រណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស(១) ពេញដោយរងើកភ្លើង ដែលឥតមានអណ្តាត ឥតមានផ្សែង គ្រានោះ មានបុរសម្នាក់ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ មានកំដៅថ្ងៃគ្របសង្កត់ មានខ្លួនលំបាក ដង្ហាក់ស្រេកទឹក ដើរមកតាមផ្លូវដែលទៅបានតែម្នាក់ សំដៅទៅត្រង់រងើកភ្លើងនោះឯង បុរស អ្នកមានភ្នែក បានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់រណ្តៅរងើកភ្លើងនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានភ្នែកនោះ) ក៏ឃើញនូវបុរសនោះឯង ធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះ រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាឥតស្រាក សេចក្តីនេះមានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង
(១) ជាង៥ហត្ថ នៃបុរស (ជាង១ទទូងបុរស)។