[៤៨] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បានបង្អោនចិត្ត ទៅក្នុង បុព្វេនិវាសានុស្សតិញ្ញាណ (ប្រាជ្ញាជាគ្រឿងរលឹកជាតិ ដែលអាស្រ័យនៅពីមុន)។ តថាគតនោះ រលឹកជាតិ ដែលបានអាស្រ័យនៅ អំពីមុន ជាអនេកជាតិ រលឹកជាតិបានដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្ប ក៏បាន ដូច្នេះថា តថាគត បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានសោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត ច្យុតចាកអត្តភាពនោះ ហើយបានទៅកើតក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានសោយសុខទុក្ខយ៉ាងនេះ