ឬអំពីត្រកូលជាងលោហៈ ជាភាជន៍ប្រឡាក់ដោយធូលី និងស្នឹម បុគ្គលជាម្ចាស់ទាំងឡាយ មិនបានប្រើប្រាស់នូវភាជន៍នោះផង មិនបានដុសខាត់ផង ថែមទាំងដាក់ភាជន៍នោះ នៅក្នុងផ្លូវធូលី ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ ដល់សម័យជាខាងក្រោយមក រឹតតែសៅហ្មង មានស្នឹមចាប់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រ មានថេរវាចាតទៅទៀតថា ម្នាលអាវុសោ បុគ្គលណា នៅមានអង្គណៈ មិនដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គលនោះ នឹងមិនញុំាងឆន្ទៈឲ្យកើតឡើង មិនសង្វាត មិនប្រារព្ធព្យាយាម ដើម្បីលះបង់នូវអង្គណៈនោះចេញ ក៏ដូច្នោះដែរ។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំងរាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ តែបុគ្គលនោះ មុខជានឹងញុំាងឆន្ទៈ ឲ្យកើតឡើង មុខជានឹងសង្វាត ប្រារព្ធព្យាយាម ដើម្បីលះបង់នូវអង្គណៈនោះចេញ។ បុគ្គលនោះ មុខជាមិនមានរាគៈ ទោសៈ មោហៈ មិនមានអង្គណៈ