នេះថា ម្នាលអ្នកដ៏ចំរើន ភាជន៍នេះ ហាក់ដូចជាទីពេញចិត្តក្រៃលែង អ្នកឯងនាំទៅធ្វើអ្វីអេះ។ លុះអ្នកផងក្រោកឡើង ហើយបើកភាជន៍នោះមើល សេចក្តីមិនគាប់ចិត្តក្តី សេចក្តីខ្ពើមរអើមក្តី សេចក្តីធុញទ្រាន់ក្តី ក៏តាំងឡើងប្រាកដដល់គេ ក្នុងខណៈដែលបានឃើញ សូម្បីបុគ្គលដែលស្រេកឃ្លានហើយ ក៏មិនគួរប្រាថ្នានឹងបរិភោគឡើយ នឹងបាច់និយាយថ្វី ដល់ពួកជន ដែលបរិភោគឆ្អែតហើយ ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ មិនទាន់លះចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង ក៏យ៉ាងនោះឯង។ បើទុកជាភិក្ខុនោះ ប្រព្រឹត្តអារញ្ញកធុតង្គ មានសេនាសនៈស្ងាត់ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សបទានចារិកធុតង្គ បំសុកូលិកធុតង្គ ទ្រទ្រង់ចីវរសៅហ្មង ក៏គង់តែពួកសព្រហ្មចារី មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាភិក្ខុនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នានោះ លោកដ៏មានអាយុនោះ មិនទាន់លះចោល អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។