គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលទៅបានតែម្នាក់ សំដៅទៅត្រង់រណ្តៅលាមកនោះឯង បុរសមានចក្ខុបានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់រណ្តៅលាមកនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញបុរសនោះ ធ្លាក់ទៅក្នុងរណ្តៅលាមកនោះ រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងកំណើតតិរិច្ឆាន មិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងកំណើតនៃតិរិច្ឆាន រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។