គន្លង​ពាក្យ​មិន​គាប់ចិត្ត​ ​មក​ប៉ះពាល់​ភិក្ខុ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ទើប​គេ​ដឹង​ថា​ជា​អ្នក​ស្លូត​ ​ថា​ជា​អ្នក​សភាព​រាបទាប​ ​ថា​ជា​អ្នក​ស្រគត់ស្រគំ​ ​ក្នុង​កាលនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​ប្រដៅ​ងាយ​ ​ដល់​នូវ​ភាពជា​អ្នក​ប្រដៅ​ងាយ​ ​ព្រោះតែ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តថាគត​ ​មិនបាន​ហៅ​ភិក្ខុ​នោះ​ថា​ ​ជា​អ្នក​ប្រដៅ​ងាយ​ឡើយ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ភិក្ខុ​នោះ​ ​កាលបើ​មិនបាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ក៏​មិនមែន​ជា​អ្នក​ប្រដៅ​ងាយ​ ​មិនដល់​នូវ​ភាពជា​អ្នក​ប្រដៅ​ងាយ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ភិក្ខុ​ណាមួយ​ ​ធ្វើសក្ការៈ​ចំពោះ​ធម៌​ ​ធ្វើ​សេចក្តី​គោរព​ធម៌​ ​ប្រព្រឹត្ត​កោតក្រែង​ធម៌​មែន​ ​ទើប​ពេញជា​អ្នក​ប្រដៅ​ងាយ​ ​ដល់​នូវ​ភាពជា​អ្នក​ប្រដៅ​ងាយ​ ​តថាគត​ ​ហៅ​ភិក្ខុ​នោះ​ថា​ ​ជា​អ្នក​ប្រដៅ​ងាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​គិត​គ្នា​ថា​ ​យើង​ទាំងឡាយ​ ​កាល​ធ្វើសក្ការៈ​ចំពោះ​ធម៌​ ​ធ្វើ​សេចក្តី​គោរព​ធម៌​ ​ប្រព្រឹត្ត​កោតក្រែង​ធម៌​ ​និង​ជា​អ្នក​ប្រដៅ​ងាយ​ ​ដល់​នូវ​ភាពជា​អ្នក​ប្រដៅ​ងាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​
ថយ | ទំព័រទី ១៤ | បន្ទាប់