ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​តថាគត​ ​បានដឹង​នូវ​សេចក្តី​ត្រិះរិះ​ ​ក្នុងចិត្ត​របស់​ ​ពក​ព្រហ្ម​ ​ដោយចិត្ត​របស់​តថាគត​ ​ហើយក៏​បាត់​អំពី​សុភគ​វ័ន​ ​ទៀប​គល់​សាល​រាជព្រឹក្ស​ ​ក្នុង​ក្រុង​ឧក្កដ្ឋា​ ​ទៅ​ប្រាកដ​ក្នុង​ព្រហ្មលោក​នោះ​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ដៃ​ដែល​លា​ចេញ​ ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពក​ព្រហ្ម​ ​បានឃើញ​តថាគត​កំពុង​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ទើប​ក្រាបបង្គំទូល​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​សូម​ព្រះអង្គ​ ​ទ្រង់​ស្តេច​ចូល​មក​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ដំណើរ​ដែល​ព្រះអង្គ​ស្តេច​មកនេះ​ ​ប្រពៃ​ហើយ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះអង្គ​ខានធ្វើ​ដំណើរ​និមន្ត​មក​ក្នុង​ទីនេះ​ ​អស់កាលជាយូរអង្វែង​ណាស់​ហើយ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ធម្មតា​ ​ឋានព្រហ្ម​នេះ​ ​ជាទី​ទៀង​ ​ជាទី​ឋិតថេរ​នៅ​សព្វកាល​ ​មិន​ធ្លុះធ្លាយ​ ​មិន​ឃ្លៀងឃ្លាត​ ​ព្រោះថា​ឋានព្រហ្ម​នេះ​ ​រមែង​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិនកើត​ឡើង​ទៀត​ទេ​ ​ឯ​ឋាន​ដទៃ​ ​ជាទី​រលាស់ខ្លួន​ចេញ​ចាក​ទុក្ខ​ ​ឲ្យ​ក្រៃលែង​ជា​ស្ថាន​ព្រហ្ម​នេះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ពក​ព្រហ្ម​ ​ពោល​យ៉ាងនេះ​ហើយ​ ​តថាគត​ ​បាន​ពោល​នឹង​ពក​ព្រហ្ម​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​ពក​ព្រហ្ម​ ​ប្រកបដោយ​អវិជ្ជា​ទេតើ​ ​អើហ្ន៎​ ​ពក​ព្រហ្ម​ ​ប្រកបដោយ​អវិជ្ជា​ទេតើ​
ថយ | ទំព័រទី ៣៦២ | បន្ទាប់