ព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងបំភ្លឺហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ឲ្យមនុស្សមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។
ចប់ អភយរាជកុមារសូត្រ ទី៨