ព្រះ​ភាគ​ឡើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​លោក​ត្រូវការ​ដោយ​បិណ្ឌបាត​ ​សូមឈប់​នៅ​ត្រឹមនេះ​សិន​ចុះ​ ​ពួក​ជន​ ​នឹង​នាំមក​ឲ្យ​លោក​ ​ក្នុង​ទីនេះ​ឯង​។​ ​ទីឃ​តបស្សី​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​មិន​ត្រូវការ​ដោយ​បិណ្ឌបាត​ទេ​ ​ហើយក៏​ត្រឡប់​មក​អំពី​ទីនោះ​ ​ដើរចូល​ទៅ​រក​និ​គន្ថ​នាដ​បុត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​និយាយ​នឹង​និ​គន្ថ​នាដ​បុត្ត​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឧបាលិ​គហបតី​ ​ចុះចូល​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​មែនហើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​មិនបាន​ជួបនឹង​ឧបាលិ​គហបតី​នុ៎ះ​ ​ដើម្បី​លោក​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឧបាលិ​គហបតី​ ​គប្បី​លើកឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ខ្ញុំ​មិន​ពេញចិត្ត​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះសមណគោតម​ ​ជា​អ្នកមាន​កិច្ចកល​ ​តែង​ដឹង​នូវ​កិច្ចកល​សម្រាប់​បោកប្រាស់​ ​តែង​បោកប្រាស់​នូវ​សាវ័ក​ ​របស់​ពួក​អន្យតិរ្ថិយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះសមណគោតម​ ​បោកប្រាស់​នូវ​ឧបាលិ​គហបតី​ ​របស់​លោក​ដោយ​កិច្ចកល​ ​សម្រាប់​បោកប្រាស់​បាន​ទៅ​ហើយ​។​ ​និ​គន្ថ​នាដ​បុត្ត​ ​និយាយ​តប​ថា​ ​ម្នាល​ទីឃ​តបស្សី​ ​ឧបាលិ​គហបតី​ ​គប្បី​ចុះចូល​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាទី​តាំង​ ​មិនមែន​ជា​ឱកាស​ឡើយ​
ថយ | ទំព័រទី ១១៩ | បន្ទាប់