ពា​ហិ​តិ​យសូ​ត្រ​ ​ទី៨​


 [​៣១០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ដល់​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​ចូល​ទៅ​ឯ​ប្រាសាទ​ ​ឈ្មោះ​បុព្វារាម​ ​ជា​របស់​មិគា​រមាតា​ ​ដើម្បី​នៅ​សម្រាក​ក្នុង​វេលា​ថ្ងៃ​។​
 [​៣១១​]​ ​សម័យ​នោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ឡើង​គង់​ព្រះ​ទីនាំង​នាគេន្ទ្រ​ ​ឈ្មោះ​ឯក​បុ​ណ្ឌ​រី​កៈ​ ​បរ​ទៅ​ក្នុង​ក្រុង​សាវត្ថី​ទាំង​ថ្ងៃ​។​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់ទត​ឃើញ​ព្រះ​អានន្ទ​មាន​អាយុ​ ​កំពុង​និមន្ត​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ទ្រង់​ត្រាស់​ទៅ​នឹង​មហាមាត្រ​ឈ្មោះ​សិរី​វ​ឌ្ឍៈ​ថា​ ​ម្នាល​សិរី​វ​ឌ្ឍៈ​សំឡាញ់​ ​នុ៎ះ​ព្រះ​អានន្ទ​មាន​អាយុ​របស់​យើង​ឬ​។​ ​សិរី​វ​ឌ្ឍៈ​មហាមាត្រ​ ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​វិសេស​មហារាជ​ ​នុ៎ះហើយ​ព្រះ​អានន្ទ​មាន​អាយុ​។​
ថយ | ទំព័រទី ៤៥៦ | បន្ទាប់