មានវាចាញុះញង់ មានវាចាទ្រគោះ និយាយតែពាក្យឥតប្រយោជន៍ ជាអ្នកមានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ។ ម្នាលព្រាហ្មណ៍ ព្រោះថា បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានត្រកូលខ្ពង់ខ្ពស់ ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទុកជាមានជាតិថ្លៃថ្លាក៏ដោយ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ពោលពាក្យមុសា មានវាចាញុះញង់ មានសំដីអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានជាតិថ្លៃថ្លាទេ។