[១៦០] ម្នាលភារទ្វាជៈ សេចក្តីឧបមាទី៣ដទៃទៀត មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្ងួត អស់សម្ងួតនៅលើគោក ឆ្ងាយអំពីទឹក មានបុរសកាន់យកឈើពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់យកពំនួតភ្លើងខាងលើ មកពួតគ្នា នឹងកំណាត់ឈើស្ងួតឯណោះ ដែលជាឈើអស់សម្ងួត នៅលើគោក ឆ្ងាយអំពីទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានដែរឬ។ ព្រះករុណា ព្រះគោតមដ៏ចំរើន សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះកំណាត់ឈើឯណោះ ជាឈើស្ងួត អស់សម្ងួត ទាំងឈើនោះ ក៏នៅលើគោក ឆ្ងាយអំពីទឹកផង។ ម្នាលភារទ្វាជៈ រឿងនេះ មានឧបមេយ្យដូចជាសមណៈ ឬព្រាហ្មណ៍ណានីមួយ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ដោយកាយផង