វេស្សៈចំរើនមិនបាន សុទ្ទៈក៏ចំរើនមិនបានទេឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន តាមពិត ក្សត្រិយ៍ក្តី ក៏គួរចំរើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនោះបានដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី... បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី... បពិត្រព្រះគោតមដ៏ចំរើន សុទ្ទៈក្តី... បពិត្រព្រះគោតមដ៏ចំរើន វណ្ណៈទាំង៤ តាមពិត សុទ្ធតែគួរចំរើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនោះបាន ទាំងអស់គ្នា។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រះព្រហ្ម។