[១៥៩] ម្នាលភារទ្វាជៈ សេចក្តីឧបមាទី២ដទៃទៀត មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្រស់មានជ័រ នៅលើគោក ឆ្ងាយអំពីទឹក មានបុរសកាន់យកឈើពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង នឹងធ្វើភ្លើងឲ្យឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់យកពំនួតភ្លើងខាងលើ មកពួតគ្នានឹងកំណាត់ឈើស្រស់ឯណោះ ដែលមានជ័រ នៅលើគោក ឆ្ងាយអំពីទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនធ្លាប់មានទេ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើឯណោះ ជាឈើស្រស់ នៅមានជ័រ ទោះបីនៅលើគោក ឆ្ងាយអំពីទឹកក៏ដោយ ឯបុរសនោះ គ្រាន់តែមានចំណែក នៃសេចក្តីលំបាកកាយ លំបាកចិត្តប៉ុណ្ណោះឯង។