នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារផង នឿយណាយក្នុងវិញ្ញាណផង កាលបើមានចិត្តនឿយណាយហើយ រមែងប្រាសចាកតម្រេក កាលបើមានចិត្តប្រាសចាកតម្រេកហើយ រមែងរួចស្រឡះ កាលបើមានចិត្តរួចស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចស្រឡះហើយ ក៏កើតឡើង មួយទៀត ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ក៏បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ដែលជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ កំពុងសំដែងវេយ្យាករណ៍នេះ ពួកភិក្ខុប្រមាណ៦០រូប ក៏មានចិត្តរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនមានឧបាទាន។
ចប់ មហាបុណ្ណមសូត្រ ទី៩។