[១៤២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់ថ្មតូច ប្រមាណប៉ុនបាតដៃ ហើយត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ដុំថ្មប្រមាណប៉ុនបាតដៃ ដែលតថាគតកំពុងកាន់នេះ និងស្តេចភ្នំហិមពាន្ត តើណាធំជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលព្រះអង្គកំពុងកាន់នេះ តូចពេកណាស់ ប្រៀបផ្ទឹមនឹងស្តេចភ្នំហិមពាន្តនោះ មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចជាបុរស ដែលគេចាក់ដោយលំពែងបីរយ រមែងរងទុក្ខ ទោមនស្សណា ព្រោះលំពែងនោះជាហេតុ។ ទុក្ខនោះឯង ប្រៀបផ្ទឹមនឹងទុក្ខរបស់នរក ក៏មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។