ក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ជាសឹកសត្រូវ នៅក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏នាំគ្នាចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ទ្រង់ក៏មានព្រះរាជឱង្ការ យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ពួកស្តេចណា ជាសឹកសត្រូវ ក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ តពីនោះមក ចក្ករតន៍នោះ បានបង្ក្រាបផែនដី ដែលមានសមុទ្រជាព្រំប្រទល់